បុគ្គលឈ្មោះ ពេជ កុសល បានចម្លងមេរោគកូវីដ១៩ ដល់មនុស្សចំនួន៥នាក់

ព័ត៌មានសង្គមថ្ងៃសុក្រ ទី07 ខែឩសភា ឆ្នាំ2021 ម៉ោង 7:04 នាទី ល្ងាច

ភ្នំពេញ៖ បុគ្គលឈ្មោះ ពេជ កុសល បានចម្លងមេរោគកូវីដ១៩ ដល់មនុស្សចំនួន៥នាក់ និង អ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលជាង១០០នាក់ ត្រូវដាក់អោយធ្វើចត្តាឡីស័ក ។ ពេជ កុសល ពេលនេះ កំពុងជាប់ពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ មិនអនុវត្តតាមវិធានសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក ។ នេះបើយោងតាម អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩​ ចេញផ្សាយនាល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នេះ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បង្ហាញលទ្ធផលនៃការស្រាវជ្រាវយ៉ាងលម្អិតដូច្នេះថា៖

ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានជួបមិត្តភក្ដិម្នាក់នៅអូរឫស្សី ដោយឈប់ម៉ូតូបើករបាំងមួកសុវត្ថិភាពនិយាយគ្នា។

ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានដឹងថាមិត្តភក្ដិដែលបានជួបខាងលើ វិជ្ជមានកូវីដ១៩ ក៏សម្រេចចិត្តទៅធ្វើតេស្ដនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទទួលបានលទ្ធិផលអវិជ្ជមាន និងបន្តធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួន។

ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានទៅធ្វើតេស្ដជាលើកទី២ នៅវិទ្យាល័យបឹងត្របែក ទទួលបានលិទ្ធផលអវិជ្ជមាន និងបន្តធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួន។

ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានទៅធ្វើតេស្ដជាលើកទី៣ (មូលហេតុប្រពន្ធជាអ្នកលក់ខោអាវនៅផ្សារអូរឫស្សី) នៅវិទ្យាល័យបឹងត្របែក និងត្រូវធ្វើចត្តាឡីស័ក ដើម្បីរងចាំលទ្ធផលធ្វើតេស្ដរបស់ខ្លួនក្នុងរយៈពេល៣ថ្ងៃ។

ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ (បិទផ្សារអូរឫស្សី) ឈ្មោះ ពេជ កុសល និងប្រពន្ធ បានចាក់ចេញពីផ្ទះដែលជាកន្លែងធ្វើចត្តាឡីស័ក នៅម៉ោង១៣៖៣០នាទី ធ្វើដំណើរទៅដល់ផ្ទះម្ដាយនៅស្រុកព្រៃកប្បាស ខេត្តតាកែវ នៅម៉ោង ១៥៖៣០នាទី តាមរយៈម៉ូតូ។ ពេលទៅដល់ បានទៅបង់សំណាញ់ចាប់ត្រីជាមួយប្អូនប្រុស ២នាក់, ពេលល្ងាចទៅលេងបាល់ទះជាមួយអ្នកភូមិ ៨នាក់។

ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ នៅម៉ោង ១០៖៣០នាទី គ្រូពេទ្យបានទាក់ទងទៅឈ្មោះ ពេជ កុសល ប្រាប់ពីលទ្ធផលធ្វើតេស្ដ វិជ្ជមាន និងត្រូវយកទៅព្យាបាល តែសាម៉ីខ្លួនបែរជានៅខេត្តតាកែវទៅវិញ។

សកម្មភាពរបស់ ឈ្មោះ ពេជ កុសល គឺមានចេតនាមិនអនុវត្តតាមវិធានសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក និងបានចម្លងមេរោគកូវីដ១៩ ទៅមនុស្សចំនួន ៥នាក់ និងអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលជាង ១០០នាក់។

មាត្រា៩ នៃច្បាប់កូវីដ ចែងថា បទចម្លងដោយចេតនានូវជំងឺកូវីដ១៩ ដល់អ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី ៥ ឆ្នាំ ទៅ ១០ឆ្នាំ។

មាត្រា១៣ និងកថាខណ្ឌ ៣ មាត្រា ២២ នៃអនុក្រឹត្យស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចែងថា បុគ្គលដែលមិនអនុវត្តកាតព្វកិច្ចក្នុងពេលធ្វើចត្តាឡីស័កត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ៥ សែនរៀល ទៅ ២លានរៀល៕

1

2

ប្រភព៖ cpc-news


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម