អស្ចារ្យណាស់! សែលកាតសហការជាមួយហាងលក់ទំនិញអនឡាញ ផ្តល់ជូននូវការបញ្ចុះតម្លៃ និងការដឹកជញ្ជូនឆាប់រហ័សនៅក្នុងតំបន់ក្រហម

ព័ត៌មានសង្គមថ្ងៃសុក្រ ទី07 ខែឩសភា ឆ្នាំ2021 ម៉ោង 5:28 នាទី ល្ងាច

ភ្នំពេញ៖ នៅថ្ងៃទី៦ ឧសភា ២០២១ ក្រុមហ៊ុនសែលកាត ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានសហការជាមួយ Smile Shop ដើម្បីផ្តល់ជូនអតិថិជនដែលកំពុងរស់នៅក្នុងតំបន់ក្រហម នូវការបញ្ចុះតម្លៃលើទំនិញប្រើប្រាស់ប្រចាំថ្ងៃសំខាន់ៗ រួមជាមួយនឹងការដឹកជញ្ជូនដល់ទីកន្លែង។

ក្នុងនាមជាប្រតិបត្តិករមួយក្នុងចំណោមប្រតិបត្តិករជាច្រើនទៀត ដែលទទួលបានការអនុញ្ញាតឱ្យចែកចាយទំនិញនៅក្នុងតំបន់ក្រហមដែលជាតំបន់មានការរឹតបន្តឹងខ្លាំង Smile Shop ដែលជាហាងពាណិជ្ជកម្មអនឡាញឈានមុខគេនៅកម្ពុជា បានផ្តល់នូវសេវាចែកចាយទំនិញសំខាន់ៗជូនដល់គ្រួសារប្រជាពលរដ្ឋជាច្រើនដែលកំពុងជួបការលំបាក។

ឥឡូវនេះ ក្រុមហ៊ុនសែលកាត បានចូលរួមសហការជាមួយសេវាកម្មអនឡាញនេះ ដើម្បីផ្តល់ជូនដល់អតិថិជននូវអាទិភាពសម្រាប់ការដឹកជញ្ជូនទំនិញជាច្រើនមុខ ពោលគឺអនុញ្ញាតឱ្យប្រជាពលរដ្ឋទទួលបាននូវស្បៀងអាហារ និងរបស់របរប្រើប្រាស់ផ្សេងៗទៀត បានឆាប់រហ័ស និងដឹកជញ្ជូនទៅដល់គេហដ្ឋានរបស់ពួកគេផ្ទាល់តែម្តង។ សម្រាប់ការបញ្ជាទិញចាប់ពី ២៥ដុល្លារឡើងទៅ អតិថិជនសែលកាត ក៏នឹងទទួលបានប្រាក់ត្រឡប់មកវិញចំនួន ៥ដុល្លារ ផងដែរ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ការធ្វើបែបនេះនឹងអាចជួយសម្រួលដល់ក្រុមគ្រួសារ ដែលកំពុងទទួលរងនូវផលប៉ះពាល់ខ្លាំង ក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ។

“ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ ដែលគ្រប់គ្រងដោយជនជាតិខ្មែរ ១០០% វាគឺជាទំនួលខុសត្រូវរបស់ពួកយើង ក្នុងការជួយដល់អតិថិជន តាមដែលពួកយើងអាចធ្វើទៅបាន។ យើងពិតយល់ច្បាស់ថា នេះគឺជាពេលវេលាដ៏លំបាកបំផុតសម្រាប់ក្រុមគ្រួសារដែលកំពុងរស់នៅក្នុងតំបន់ទាំងនេះ ដូច្នេះការទទួលបាននូវស្បៀងអាហារ និងរបស់របរប្រើប្រាស់ចាំបាច់ផ្សេងៗទៀតដោយឥតមានការរាំងស្ទះ គឺចាំបាច់ខ្លាំងណាស់”។

“Smile Shop បានជួយផ្តល់នូវសេវាកម្មដ៏ចាំបាច់ជូនដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើនរូប ហើយពួកយើងពិតជារីករាយបំផុត ដែលបានចូលរួមជាដៃគូជាមួយពួកគេ ក្នុងការផ្តល់ជូនដល់អតិថិជនរបស់យើង នូវសេវាដឹកជញ្ជូនឆាប់រហ័ស និងការបញ្ចុះតម្លៃទៅលើទំនិញជាច្រើនមុខ ក្នុងពេលដែលពួកគាត់កំពុងត្រូវការសេវាបែបនេះខ្លាំងបំផុត”។

Smile Shop ក៏មានផ្តល់ជូននូវកញ្ចប់ស្បៀងអាហារ ដែលអាចស្វែងរកបាននៅលើហាងអនឡាញរបស់ក្រសួងពាណិជ្ជកម្ម ក្នុងតម្លៃមួយដែលបានកំណត់យ៉ាងសមរម្យបំផុត។ កម្មវិធីទូរស័ព្ទនេះ អាចទាញយកមកប្រើប្រាស់បានតាមរយៈ Google Play និង Apple Store។

នេះគឺជាវិធានការណ៍ចុងក្រោយបំផុតរបស់ក្រុមហ៊ុនសែលកាត ក្នុងការប្តេជ្ញាចិត្តចូលរួមជួយដល់ប្រទេសកម្ពុជា នៅក្នុងអំឡុងពេលនៃការរាតត្បាតដោយជម្ងឺកូវីដនេះ។ ថ្មីៗនេះ សែលកាតបានបញ្ចប់នូវការពង្រីកបណ្តាញចុងក្រោយរបស់ខ្លួនចំនួន ១៦៩ ទីតាំងទៀត ដើម្បីកែលម្អបណ្តាញគ្របដណ្តប់ និងគុណភាពសេវា នៅតាមតំបន់ក្រហម និងលឿងទុំក្នុងរាជធានីភ្នំពេញ។ ជាងនេះទៅទៀត ក្រុមហ៊ុនក៏បានសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីផ្តល់ជូននូវសេវាទូរស័ព្ទបន្ទាន់ដោយឥតគិតថ្លៃ ដើម្បីជួយសម្របសម្រួលដល់ការដឹកជញ្ជូនស្បៀងអាហារជាបន្ទាន់ ដល់ក្រុមគ្រួសារដែលកំពុងរស់នៅក្នុងតំបន់ក្រហមផងដែរ៕

1

2

3

4

5

6

7

ប្រភព៖ cen-news


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម